(+855) 12 990 988,
(+855) 99 990 988,
(+855) 17 978 999
#339A/B/C, St. 163, Sangkat Toul Tum Poung II, Khan Chamkarmorn,12311, Phnom Penh , Cambodia
General Educations / ការអប់រំផ្សេងៗ << Back

ចំណេះដឹងនៅក្នុងការជ្រើសរើសចំណីអាហារ ដើម្បីបញ្ជៀសការខូចខាតសុខភាព


date : 2019-03-06 16:27:53

ចំណេះដឹងនៅក្នុងការជ្រើសរើសចំណីអាហារដើម្បីបញ្ជៀសការខូចខាតសុខភាព

ខ្លឹមសារសង្ខេបៈ

 

​ដើម្បីចៀសវាងការទទួលទាន​អាហារបែបណាដែលអាចថា ធ្វើឲ្យខូច​​​​សុខភាព​ខ្លួន និងក្រុមគ្រួសារខ្លួនបាន យើងគប្បីធ្វើ​ការបែងចែកចំណី​អាហារដែល​មានជាតិគីមីពុល​ទាំង​នោះជាក្រុមៗ៖

-ក្រុមទី១ គឺជាចំណីអាហារដែលមានបង្កប់នូវជាតិគីមីពុល ដែលច្បាប់បាន​ហាម​ឃាត់ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សធ្ងន់ធ្ងរ ​ប៉ុន្តែអាហារប្រភេទ​នេះ​ មិនសូវ​មាន​នោះទេ ។

-ក្រុមទី២គឺជាចំណីអាហារដែល​មាន​បង្កប់ជាតិ​គីមីដែរ ប៉ុន្តែមិនមានច្បាប់​ហាម​ឃាត់​ថា ​​​​ដាក់មិនបាននោះទេ គឺជា​ចំណីអាហារដែលគេផលិតនៅក្នុងរោងចក្រ ឧស្សាហ-កម្ម​​ឬ​មួយក៏ជាសិប្បកម្ម​អាហារដែលគេវិចខ្ចប់ស្រាប់ៗ​ ហើយភាគ​ច្រើន​បំផុត​ គឺគេ​ដាក់​ជាតិ​​គីមី​ដើម្បី​រក្សាគុណភាព អាចទុកវាបានយូរ បាន​ច្រើន​​​ថ្ងៃ ឬច្រើនឆ្នាំនិង​ពេល​ខ្លះគេ​បន្ថែម​រសជាតិ បន្ថែមព៌ណ​ បន្ថែមក្លិន និងដើម្បី​ឲ្យអាហារ​ខ្លះ​ស្អិត​ជាប់គ្នា ដូច​ជា​ប្រហិត ហត​​ដក​​ជាដើម​។ល។

-ក្រុមទី៣ គឺ​ចំណីអាហារដែលមានសល់សំណល់គីមី ក្នុងនោះ​មានត្រី​ សាច់ បន្លែ អង្ករ ជាដើម។ល។ ​ដែលបានមកពីការដាំដុះ ការចិញ្ចឹម​និងក្រោយពេលប្រមូលផល​ដែល​កសិករ​បានដាក់ និងចាក់ ដើម្បីទទួល​បាន​ទិន្នផលល្អ-ច្រើនជាដើម។ល។

-ក្រុមទី៤ ជាក្រុមចំណីអាហារ ដែលមានជាតិគីមីពីធម្មជាតិ ដែលធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខ​ភាពមនុស្សដែរ តែក៏មិនប៉ះពាល់ជាទូទៅនោះទេ គឺអ្នក​ខ្លះ​ក៏ប៉ះ ហើយ​អ្នក​ខ្លះ​ក៏មិន​ប៉ះ​ដែរ ។ឧ. ដូចជាជាតិគ្លុយតែន មាននៅក្នុង​គ្រាប់​ធុញ្ញជាតិ មានច្រើន​ជាង​គេគឺនៅក្នុងគ្រាប់​ស្រូវសាលីស្ទើរតែគ្រប់ពូជ ​គ្រាប់​ពោត អង្ករ ប៉ុន្តែអង្ករមានតិច​តួចទេ​  ដែលអ្នកខ្លះ​មាន​ការ​រលាក ដូចជារលាកក្រពះពោះវៀន រលាកសន្លាក់ រលាក​សរសៃឈាម​ ហើយ​ប្រព័ន្ធការពារ​រាងកាយក៏ចុះខ្សោយ ។ ជាទូទៅ​វា​មានបង្កប់នៅក្នុងហឹមប៊ឺហ្គឺ ពីហ្សា នំឃេក មីផ្សេងៗ​ជា​ច្រើន​មុខ​ និងមាន​នៅ​ក្នុង​ទឹកស៊ីអីវ និងមានបង្កប់នៅក្នុង​ថ្នាំខ្លះដែរ ​​ដូចជា​ថ្នាំបន្ទន់លាមក​ជា​ដើម​។ល។ ក្រៅពីនេះ នៅមានជាតិគីមីធម្មជាតិមួយចំនួនទៀតដូចជា៖

-ជាតិខេ​ស៊ីន​ និងជាតិឡាក់តូស ដែលមាននៅក្នុងទឹកដោះគោ  ដែល​មានអ្នក​ខ្លះ​មិន​អាចបំ​បែកវាបាន នៅពេល​ញុំា​ធ្វើឲ្យហើមពោះ -រាគ​ ឆ្អល់ជា​ដើម ។ល។

-មាននៅក្នុងអំបូរសណ្តែក ដែលក្នុង​នោះ​មាន​សារធាតុខ្លះ គឺ​វាប៉ះពាល់ទៅ​លើការ​រំលាយ​អាហារ លើគ្រាប់ឈាម ទៅលើពោះ​វៀន។ ចំពោះអ្នកដែលមានពោះ​វៀន​ខ្សោយ​​​ស្រាប់ មានបង្កប់មេរោគនៅទី​នោះ​ស្រាប់ ពេលញុំាអាច​ហើមពោះ​ឆ្អល់ពោះ អស់​កម្លាំង​ល្ហិត​ល្ហៃ ឈឺសន្លាក់ដៃជើង ហើយអាច​បែកគ្រាប់​ឈាមក្រហមទៀត​ក៏មានដែរ។

-មាននៅក្នុងក្រុមអំបូរថ្នាំជក់ ឧ. ផ្លែប៉េងប៉ោះ ​នៅពេលដែលវា​ទុំមិនទាន់​ពេញពីលើ​ដល់​ក្រោម គឺវាមានជាតិ​សូឡានីន​ច្រើន  ករណីយើង​មានការរលាកក្រពះ​ពោះ​វៀន ឬក៏​រលាក​​​​សន្លាក់រ៉ាំរ៉ៃ យើងចាំបាច់​ត្រូវតែ​ផ្អាកការ​ញុំាចំណីអាហារអំបូរបែបនេះ។

អាហារខ្លះទៀត នៅពេលដែលទុកដាក់វា វាបំលែងទៅជាហ៊ីស្តាមីនតែម្តងឧ​.ដូចជា​ត្រី នៅ​ពេលយើងធ្វើផ្អក ប្រហុក ទឹកត្រីជាដើម។ ករណីយើងឧស្សាហ៍អា​លៀ​ហ្ស៊ី -មាន​បញ្ហា​​រលាក​ក្រពះពោះវៀន យើងគប្បីផ្អាកកុំញុំាវា នៅពេល​យើង​​ព្យាបាល​​​ជាហើយ យើង​អាច​ញុំា​វា​បានវិញ។

-ក្រុមទី៥ គឺជាក្រុមចំណីអាហារមានជាតិគីមី​ ហើយដែលយើងជួបរៀង​រាល់ថ្ងៃ គឺ​អាហារដែលខូចគុណភាពដោយសារការចំអិន ដែលមិនធ្វើឲ្យ​យើង​ពុល ឬ​ធ្វើឲ្យ​យើង​ខូច​សុខភាពភ្លាមៗ​ ដូចជាក្រុមជាតិគីមីដែលច្បាប់បាន​ហាម​ឃាត់​នោះ​​​​ទេ តែ​វាធ្វើឲ្យ​យើងឈឺ​រ៉ាំរ៉ៃ ធ្វើឲ្យយើងសឹករិចរិល ចាស់លឿន ឆាប់ឈឺអ្វីមួយដូចជាលើស​​ឈាម​​ជាដើម។

ក្រៅពីនេះ គឺជាតិគីមីដែលគេបន្ថែមដោយដាក់ស្ករ​និងប៊ីចេង ​ដែលប៊ីចេង​​គឺជា​នូរ៉ល់​ថក​ស៊ីន ធ្វើ​ឲ្យ​យើង​បាត់បង់អេឡិចត្រូលីត្រដែលទ្រទ្រង់សុខភាពឆ្អឹង  វាអាចភ្ញោច​សរ​សៃ​ប្រសាទ ធ្វើឲ្យ​រលាកសរសៃ​ប្រសាទ​បាន ដែលខ្លួនប្រាណរបស់មនុស្ស​កន្លែងណា​ក៏មាន​សរ​សៃ​​ប្រសាទ​ដែរ ដូច្នេះ​​​បើ​ប៉ះ​ទៅលើការបញ្ជាសាច់ដុំ អាចឲ្យយើងឈឺសាច់​ដុំ -កន្លែង​ទ្រ​ទ្រង់​អារម្មណ៍ធ្វើឲ្យអារម្មណ៍យើងដឹងថា​ស្ពឹក អាចក្រហាយ អាច​ភ័យ អាចខ្លាច ពិបាក​គេង ចុង​ក្រោយគេ​ធ្វើឲ្យយើងពុក​ឆ្អឹងតែម្តង​។

លោកស្រីវេជ្ជបណ្ឌិតមានប្រសាសន៍ថា មានកត្តាសំខាន់ៗពីរយ៉ាង​ ដែល​យើង​ត្រូវ​ដឹង គឺ(១)​ កុំ​ចំអិន​អាហារ​ដោយ​ប្រើ​សីតណ្ហភាពខ្ពស់ពេកដូចជាដុត ​ឬអាំង និង(២)កុំ​បំពង-ចៀន ក្នុង​សីតណ្ហ​ភាព​ចាប់ពី​២៥០​​អង្សារហូតដល់៤០០​អង្សា​សេ ធ្វើឲ្យសារធាតុ​អាហារ​​​ទាំង​​នោះ ក្លាយ​ទៅ​ជា​សម្រាម មិនមែនជា​អា​ហារ​​ចិញ្ចឹម​​យើងទៀតនោះទេ។

​ដោយឡែកពីនេះ គឺត្រូវចៀស​វាង​​កុំញុំាអាហារវិចខ្ចប់ស្រាប់ៗ ហើយទទួល​ទាន​​អាហារដែលយើង​ចំអិន​ដោយខ្លួនឯង ត្រូវមានអនាម័យទាំង​មុន​ពេល​ចំអិន និងទាំងនៅ​ក្នុង​ពេលចំអិន ពិសេស​គួរ​ទម្លាប់​​ទទួលទាន​អាហារជាសម្ល​រគ្រប់​មុខ ឬ​ចំហុយ ​មិន​ដាក់​ស្ករ​ មិន​ដាក់ប៊ីចេង ហើយ​មិនអាំង -មិនចៀន-មិនបំពង ឬខ​កំឡោច​​ស្ករ ​ដែលធ្វើឲ្យអាហារ​បែក​ធាតុ​ក្លាយ​ទៅជា​ជាតិគីមី និងកុំ​ទម្លាប់​​កូន​ដែល​នៅតូចៗ​ឲ្យ​ញុំា​ប្រភេទអាហារ​នៅក្នុង​ផ្សារ​​ទំនើប ពិសេសអាហារ​វិច​ខ្ចប់​ស្រាប់ៗដើម្បីការពារ​កុំឲ្យ​ប៉ះពាល់ដល់​សុខ​ភាព​របស់កូន​ ដែលអាចប៉ះពាល់ដល់ការ​លូត​លាស់​​រាងកាយ​របស់​កូន​រហូតដល់កោសិកា​ខួរក្បាលកូនផងដែរ។​


អត្ថបទ ៖ admin