អត្ថបទសង្ខេបៈ
ស្ថិតិពិភពលោកបានឲ្យដឹងថា មនុស្សដែលមិនបានដឹងថា ខ្លួនមានវិបត្តិនៃការគេង ឬជម្ងឺគេងមិនលក់អាចមានពី៣០-៥០% ហើយអ្នកដែលអាចដឹងថាខ្លួនមានវិបត្តិនៃការគេងនៅប្រទេសខ្លះគឺអាចមាន៩% និងខ្លះទៀតមានរហូត១៥% ដែលឈានដល់ថ្នាក់ញុំាថ្នាំងងុយគេងជាប្រចាំ ។
លោកស្រីវេជ្ជបណ្ឌិតលីស្រីវីណាបានមានប្រសាសន៍ថា វិបត្តិនៃការគេង ឬជម្ងឺគេងមិនលក់ អាចធ្វើឲ្យយើងអស់កម្លាំងល្ហិតល្ហៃ ពិបាកនឹងប្រមូលអារម្មណ៍ធ្វើកិច្ចការអ្វីមួយ ភ្លេចមុខភ្លេចក្រោយ បាត់បង់ភាពឈ្លាសវៃ ប្រសិទ្ធភាពការងារនឹងធ្លាក់ចុះ អារម្មណ៍មិននឹងន៎ ឆេវឆាវ ឆាប់ភ័យ ឆាប់បាក់ទឹកចិត្ត និងពេលខ្លះទៀតធ្វើឲ្យយើងខ្ជិលខ្ជីរខ្ជា ឬឃ្លានរហូតគិតតែពីញុំារហូតធ្វើឲ្យឡើងគីឡូ ឈានដល់ការកើតមានជម្ងឺជាច្រើន។
វិបត្តិនៃការគេង ឬជម្ងឺគេងមិនលក់ មានសញ្ញា ដូចជា៖
- គេងយ៉ាងយូរទម្រាំនឹងបិទភ្នែកលក់,
-ប្រាស់ខ្លួនគេងហើយលក់ភ្លាម ប៉ុន្តែមិនបានប៉ុន្មានម៉ោងផងក៏ភ្ញាក់ ហើយនៅពេលដែលភ្ញាក់ហើយទម្រាំគេងលក់វិញគឺពិបាកណាស់
-ខ្លះទៀតគេងលក់ភ្លាម មិនមានផលរំខានធ្វើឲ្យភ្ញាក់កណ្តាលយប់ទេ ប៉ុន្តែពេលភ្ញាក់ហើយគឺអស់កម្លាំងទាំងព្រឹក ឬក៏ដល់ពេលរសៀលមួយកំណាត់ថ្ងៃក៏មាន ទោះជាគេបានគេងបាន៨ម៉ោងរហូត១០ម៉ោងហើយក៏ដោយ
-អ្នកខ្លះទៀត ងងុយគេងរហូត គឺដាក់លក់ៗ ហាក់បីដូចជាមិនបានគេងដូច្នោះដែរ ។
ដើម្បីកុំឲ្យកើតមានវិបត្តិនៃការគេង លោកស្រីវេជ្ជបណ្ឌិត លី ស្រីវីណា បានផ្តល់ការណែនាំថា ត្រូវគេងឲ្យបានត្រឹមត្រូវគ្រប់គ្រាន់ ដែលយ៉ាងហោចណាស់ឲ្យបាន៦ម៉ោង/១ថ្ងៃ ដោយគោរពតាមលក្ខខណ្ឌពីរ៖
គឺទី១-ត្រូវគេងក្នុងពេលដែលព្រះអាទិត្យលិច ស្របទៅនឹងដំណើររបស់ព្រះអាទិត្យ ទោះជានៅកន្លែងណាប្រទេសណាក៏ដោយ ដែលមិនមែនចាប់ផ្តើមគេងនៅពេលរៀបភ្លឺ ឬក៏គេងនៅពេលភ្លឺ ហើយក្រោកនៅម៉ោង១០ ឬក៏ពេលព្រឹក ហើយរាប់បង្ក្រប់ម៉ោងនោះទេ។
-ចំណែកនៅក្នុងលក្ខខណ្ឌទីពីរ គឺក្នុងរយៈពេល៦ម៉ោងនៃការគេង នៅពេលដែលភ្ញាក់ដឹងខ្លួនកុំឲ្យលើសពី១០នាទីដែរ។
“ គេងពីព្រលប់ ភ្ញាក់ពីព្រលឹម ចាំមើលព្រះអាទិត្យរះ អាយុយឺនយូរ សល់ទ្រព្យសម្បត្តិច្រើន ”
លោកអ្នកអាចរកដំណោះស្រាយ និងអាចរកវិធីចៀសវាងបាន សូមអញ្ជើញស្តាប់កម្មវិធីកូនសោរសុខភាព វគ្គបន្តស្តីអំពី “វិបត្តិនៃការគេង ឬជម្ងឺគេងមិនលក់ “
អត្ថបទ ៖ admin