អត្ថបទសង្ខេបៈ
លោកស្រីវេជ្ជបណ្ឌិតលីស្រីវីណា មានប្រសាសន៍ថា សព្វថ្ងៃនេះអ្នកដែលលើសជាតិស្ករមានកាន់តែច្រើនទៅៗ ហើយមានតាំងពីក្មេងរហូតដល់ចាស់ ក្នុងនោះមានអ្នកខ្លះ មិនទាន់លើសជាតិស្ករដល់ចំណុចដែលត្រូវញុំាថ្នាំទឹកនោមផ្អែមទេ ក៏ប៉ុន្តែឡើងជាតិស្ករកម្រិតមួយដែលខ្ពស់ ស្ទើរដូចអ្នកដែលកើតទឹកនោមផ្អែមដែរ នៅពេលខ្លះ ។
លោកស្រីវេជ្ជបណ្ឌិតបានរៀបចំផ្នែកមួយនៃការរុរក ដើម្បីបញ្ជៀសជម្ងឺទឹកនោមផ្អែម ចំពោះអ្នកកើត អ្នកដែលមិនទាន់កើត ឬអ្នកដែលអាចប្រឈមនឹងជម្ងឺទឹកនោមផ្អែម -ជម្ងឺបេះដូង-តម្រងនោម-ខួរក្បាល-សន្លាក់ -ពុកឆ្អឹង -ក្រពះពោះវៀនក្នុងពេលតែមួយបាន មានដូចជា៖
-រុករកមើល ថាតើយើងកើតទឹកនោមផ្អែមហើយឬនៅ (ប្រភេទទី១ ឬទី២) ?
ប្រសិនបើមិនទាន់កើត តើយើងប្រឈមដែរទេ ( ឧ.ប្រឈមដល់កម្រិតដែលធ្វើឲ្យខូរក្បាលបាត់បង់សមត្ថភាព-ធ្វើឲ្យភ្លេច-គេងមិនលក់-អស់កម្លាំង ឬប្រឈមនឹងការកើតទឹកនោមប្រៃ -ការដុះមេរោគនិងជម្ងឺផ្សេងៗ ឧ.ជម្ងឺបេះដូង,ជម្ងឺខួរក្បាល…ជាដើម)?
-រុករកមើល ថាតើសារធាតុល្អសម្រាប់ជួយទ្រទ្រង់ ជួយឲ្យការបំបែក និងបញ្ចុះជាតិស្ករ ឧ.ក្រុមវីតាមីនបេ D3 -ជាតិរ៉ែ (ម៉ាញ៉េស្យូម ជាតិដែក ជាតិសង្កសី កូព័រ ជាតិរ៉ែផ្សេងៗ) រួមនិងអាហារទ្រទ្រង់មួយចំនួនទៀតដូចជា អាល់ហ្វាលីបូអ៊ីកអាស៊ីត ជាដើមមានគ្រប់គ្រាន់ដែរទេ?
-មើលក្រពះពោះវៀន ថាតើការរំលាយអាហារបានល្អដែរទេ-មានមេរោគដែរទេ-ការបញ្ចេញអាស៊ីតរំលាយអាហារគ្រប់គ្រាន់ដែរទេ?
បន្ថែមពីនេះ ដើម្បីការពារជម្ងឺទឹកនោមផ្អែម ទាំងប្រភេទទី១-ទី២ គឺត្រូវតែពិនិត្យមើលវីតាមីនដេបី(D3) ថាតើមានគ្រប់គ្រាន់ហើយឬនៅផងដែរ ។
លោកស្រីវេជ្ជបណ្ឌិតមានប្រសាសន៍ណែនាំថា ជម្ងឺទឹកនោមផ្អែម ទោះជាប្រភេទទី១ ឬទី២ក៏ដោយ ជាដំណោះស្រាយ គឺចាំបាច់ត្រូវតែកែតម្រូវរបៀបរស់នៅរបស់មនុស្សម្នាក់ៗ (Lifestyle) ដើម្បីរកឲ្យឃើញនូវមូលហេតុផ្សេងៗ និងឬសគល់នៃបញ្ហានៅក្នុងកោសិកានីមួយៗ ដែលងាយនឹងកាត់ផ្តាច់ជម្ងឺទឹកនោមផ្អែមប្រភេទទី២ ឬយ៉ាងហោចណាស់អាចនឹងបន្ថយថ្នាំ កុំឲ្យញុំាច្រើនមុខពេកដែលជាហេតុធ្វើឲ្យយើងខូចក្រពះពោះវៀន ថ្លើម តម្រងនោម។
ដោយឡែកពីនេះ ដើម្បីបញ្ជៀសពីជម្ងឺ ទាំងជម្ងឺទឹកនោមផ្អែម ជម្ងឺទឹកនោមប្រៃ ជម្ងឺលើសឈាម គឺត្រូវញុំាបន្លែឲ្យបានគ្រប់មុខ គ្រប់គ្រាន់ ហើយបន្លែឆៅត្រូវញុំាឲ្យច្រើនជាងបន្លែឆ្អិន ។
ដើម្បីជ្រាបលំអិត សូមស្តាប់កម្មវិធីកូនសោរសុខភាពស្តីពី “ផ្នែកមួយនៃការរុករក ដើម្បីបញ្ចៀស និងព្យាបាលជំងឺទឹកនោមផ្អែម ”
អត្ថបទ ៖ admin