ប្រព័ន្ធការពាររាងកាយមានតួនាទីសំខាន់ៗយ៉ាងច្រើន ប៉ុន្តែក្នុងនោះមានតួនាទី៤យ៉ាងសំខាន់បំផុត គឺ៖
១- វាសម្លាប់មេរោគគ្រប់យ៉ាងដែលបង្កជំងឺ
២- បំបែកជាតិគីមីគ្រប់យ៉ាង ដែលបង្កជំងឺ
៣- ជួសជុលរាងកាយ ដែលខូចខាត ដោយសារមេរោគ និងជាតិគីមីបង្កជំងឺ
៤- សម្លាប់កោសិកាមហារីក គឺកាត់បន្ថយការប្រឈមក្នុងការកើតជំងឺមហារីក
លោកស្រីវេជ្ជបណ្ឌិតលីស្រីវីណា បានមានប្រសាសន៍ថា ដើម្បីសុខភាពរាងកាយល្អ ត្រូវមានប្រព័ន្ធការពាររាងកាយរឹងមាំ។ ដើម្បីឱ្យប្រព័ន្ធការពាររាងកាយរឹងមាំ យើងត្រូវញ៉ាំអាហារទ្រទ្រង់ប្រព័ន្ធការពាររាងកាយឱ្យបានគ្រប់គ្រាន់ និងត្រូវជៀសវាងញ៉ាំអាហារ ដែលធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ ពិសេសអាហារស្ករ។
លោកស្រីបានមានប្រសាសន៍បន្ថែមថា អ្វីដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយច្រើនជាងគេ គឺមេរោគផ្សិត។ ផ្សិតដែលដុះក្នុងបរិស្ថាន ដុះក្នុងបន្ទប់ទឹក លើជញ្ជាំង លើដំបូល ដែលយើងអាចមើលឃើញខ្មៅៗ ឬប្រផេះ។ ផ្សិតខ្លះដុះក្នុងបំពង់ក ដុះក្នុងមាត់ ក្នុងថ្ពាល់ លើស្បែក ដែលហៅថាភ្លឺ ស្រែង ឬអង្គែក្បាលជាដើម។
ផ្សិតទាំងនេះវាមានលម្អងតូចៗល្អិតៗ ដែលអាចហុយនៅក្នុងខ្យល់ ហើយនៅពេលដែលយើងដកដង្ហើមចូល អាចនាំយកវាចូលទៅក្នុងខ្លួនរបស់យើង ឬវាមកទំជាប់លើស្បែក ឬលើខោអាវរបស់យើង។
លោកស្រីបានបញ្ជាក់ទៀតថា មនុស្ស ដែលមានដុះផ្សិត តែងមានប្រព័ន្ធការពាររាងកាយខ្សោយ ងាយនឹងមានការដុះមេរោគ ហើយនៅពេលខ្លះអ្នកជំងឺប្រើត្រឹមថ្នាំផ្សះបានធូរស្រាល ប៉ុន្តែមិនជាសះស្បើយទេ ដោយសារផ្សិតនៅតែមានដុះក្នុងខ្លួនដដែល ហើយកាន់តែច្រើនទៅៗ។ លើសពីនេះផ្សិតចេះចិញ្ចឹមមេរោគ ធ្វើឱ្យការបង្កជំងឺនៅទីនោះកាន់តែរ៉ាំរ៉ៃ កាន់តែធ្ងន់ធ្ងរ កាន់តែពិបាកក្នុងការប្រើប្រាស់ថ្នាំ ដើម្បីព្យាបាល។