ជំងឺទឹកនោមផ្អែម ប្រភេទទី៣ (T3cDM) គឺជាជំងឺទឹកនោមផ្អែម ដែលកើតឡើង ដោយសារជំងឺលំពែងខូចរ៉ាំរ៉ៃ (Chronic Pancreatitis) ដែលមិនមែនដោយសារកត្តាតំណពូជ មិនមែនដោយសារ Auto_Immune (ប្រព័ន្ធការពាររាងកាយបំផ្លាញខ្លួនឯង) ផលិតអ៊ិនសូលីនមិនបាន ដូចជំងឺទឹកនោមផ្អែមប្រភេទទី១ (DM1) និងមិនមែនដោយសារសុំាំនឹងអ៊ិនសូលីនហៅថាជំងឺទឹកនោមផ្អែមប្រភេទទី២ (DM2) នោះទេ។
ជំងឺទឹកនោមផ្អែម ប្រភេទទី៣ កើតឡើងដោយសារលំពែងរបស់អ្នកជំងឺ រលាកយូរ ចុះខ្សោយ សឹករេចរិល ហើយវាផលិតអង់ស៊ីមបំបែកអាហារស្ករ ខ្លាញ់ និងសាច់ មិនបាន។ មូលហេតុនៃការផលិតអង់ស៊ីមមិនបាន ឬបានមិនគ្រប់គ្រាន់ បណ្ដាលមកពីពួកគាត់ (អ្នកជំងឺ) ប្រើប្រាស់លំពែងច្រើនពេក ដោយសារមានផ្ទុកជាតិគីមីច្រើនពេក ឬញ៉ាំអាហារច្រើនពេករយៈពេលយូរ មានមេរោគច្រើនពេក (មេរោគផលិតជាតិពុល) និងមានសារធាតុអាកុលនៅក្នុងខ្លួនច្រើនពេក ដែលបណ្ដាលឱ្យកោសិកាលំពែង បាត់បង់សមត្ថភាពរបស់ខ្លួន។
រោគសញ្ញាជំងឺទឹកនោមផ្អែមប្រភេទទី៣ គឺដំបូងគាត់អាចធ្លាក់ស្ករទោះជាខំប្រឹងញ៉ាំអាហារច្រើនយ៉ាងណាក៏ដោយក៏គ្មានកម្លាំង ឬមានកម្លាំងតែក្នុងរយៈពេលខ្លី ព្រោះរាងកាយមិនអាចបំបែកស្ករចេញពីអាហារបាន ដូច្នេះអ្នកជំងឺគាត់ញ៉ាំអាហារស្ករស្រាប់ៗដូចជាទឹកអំពៅ ស្ករគ្រាប់ ទឹកត្នោត ទឹកឃ្មុំ ។ល។ ដើម្បីឱ្យមានកម្លាំងភ្លាមៗ ព្រោះនៅពេលជាតិស្ករដែលគាត់ញ៉ាំបានស្រូបចូលក្នុងឈាមភ្លាមៗដោយមិនចាំបាច់មានអង់ស៊ីមរំលាយ។ ពេលញ៉ាំស្ករ ភ្លាមនោះស្ករគាត់ឡើងខ្ពស់ខ្លាំង បន្ទាប់មកវាធ្លាក់ទាបខ្លាំង ដូចនេះគាត់ញ៉ាំស្ករបន្ថែម ធ្វើឱ្យជាតិស្ករឡើងចុះៗជាច្រើនដងក្នុងមួយថ្ងៃ។ នៅពេលញ៉ាំស្ករច្រើនយូរៗទៅគាត់អាចនឹងកើតជំងឺទឹកនោមផ្អែមប្រភេទទី២ដែរ។ មានពេលខ្លះធ្លាក់ទាំងជាតិសាច់ និងខ្លាញ់ទៀត។ អ្នកជំងឺអាចហើមពោះ ឆ្អល់ពោះ ឈឺក្រពះ ។
នៅពេលមានទឹកនោមផ្អែមប្រភេទទី៣អូសបន្លាយកាន់តែយូរទៅៗ អ្នកជំងឺអាចមានផលវិបាកដូចអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ និងទី២ដែរ ដូចជាខូចបេះដូង តម្រងនោម ខួរក្បាល ភ្នែក សន្លាក់ ក្រពះពោះវៀនជាដើម ហើយជំងឺនេះអាចជាចំណុចចាប់ផ្តើមនៃជំងឺទឹកនោមផ្អែមប្រភេទទី២ ព្រោះអ្នកជំងឺអាចញ៉ាំស្ករកាន់តែច្រើនទៅៗដើម្បីមានកម្លាំង ហើយធ្វើដូចនេះក្នុងរយៈពេលយូរ។ ស្ថានភាពរបស់អ្នកជំងឺកាន់តែធ្ងន់ធ្ងរជាងអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ និងទី២ទៅទៀត ក្នុងករណីលំពែងរបស់គាត់មិនអាចផលិតអង់ស៊ីមបំបែកបានទាំងជាតិស្ករ ជាតិសាច់ និងជាតិខ្លាញ់ ដែលធ្វើឱ្យសុខភាពរាងកាយទាំងមូលធ្លាក់ចុះគ្រប់ប្រព័ន្ធ។ ទីបំផុតភាគច្រើននៃអ្នកជំងឺនឹងមានទឹកនោមផ្អែមប្រភេទី១ផង ទី២ផង និងទី៣ផង កើតជាមួយគ្នា។
ដើម្បីដឹងថានរណាម្នាក់មានជំងឺទឹកនោមផ្អែមប្រភេទទី៣ ក្រៅពីរុករកជាតិស្ករ រុករក HbA1c រក Fasting Insuline, HOMA2-%B, HOMA2-%S, HOMA2-IR និង QUICKI គេត្រូវពិនិត្យមើលអង់ស៊ីមរបស់លំពែងឈ្មោះ Amylase, Lipase, និង Elastin ។ លំពែងវាផលិតអង់ស៊ីម Amylase ដើម្បីបំបែកស្ករ វាផលិត Lipase ដើម្បីបំបែកខ្លាញ់ និងផលិត Elastin ព្រមទាំងអង់ស៊ីមជាច្រើនទៀត ដើម្បីបំបែកជាតិប្រូតេអ៊ីន (សាច់) ។ ឧទាហរណ៍ថា ប្រសិនបើអង់ស៊ីម Amylase ធ្លាក់ចុះ ហើយគាត់ញ៉ាំអាហារស្ករស្រាប់ៗ ឃើញថាជាតិស្ករនៅក្នុងខ្លួនរបស់គាត់មានការកើនឡើងខ្ពស់ ប៉ុន្តែផ្ទុយមកវិញប្រសិនបើគាត់ញ៉ាំអាហារធម្មតា គឺជាតិស្កររបស់គាត់ទាប។ ទាបដោយសារពុំមានអង់ស៊ីម ឬមានអង់ស៊ីម Amylase មិនគ្រប់គ្រាន់ក្នុងការបំបែកអាហារនោះឱ្យទៅជាស្ករ ហើយអាហារដែលចូលទៅវារលួយក្លាយទៅជាអាស៊ីដ ក្លាយទៅជាស្រា ចេញរោគសញ្ញាហើមពោះ អស់កម្លាំងល្ហិតល្ហៃ នៅពេលញ៉ាំស្ករស្រាប់តែមានកម្លាំង។
ដើម្បីព្យាបាល អ្នកជំងឺទឹកនោមផ្អែមប្រភេទទី៣ មិនចាំបាច់ញ៉ាំថ្នាំបញ្ចុះស្ករ ដូចអ្នកទឹកនោមផ្អែមប្រភេទទី១ ឬទី២ទេ។ គេគ្រាន់តែថែរក្សា និងព្យាបាលលំពែងឱ្យបានល្អ ដើម្បីលំពែងមានសមត្ថភាពផលិតអង់ស៊ីមត្រឹមត្រូវ និងគ្រប់គ្រាន់ឡើងវិញ។ ម្យ៉ាងទៀត ដោយគ្រាន់តែទំពារអាហារឱ្យម៉ដ្ឋ ក្រពេញទឹកមាត់ក៏អាចផលិតអង់ស៊ីម Amylase ដើម្បីបំបែកស្ករពីអាហារ ដូច Amylase ដែលផលិតចេញពីលំពែងដែរ។ ឱ្យតែពូកែទំពារអាហារ ញ៉ាំយឺតៗ កុំញ៉ាំច្រើនពេក កុំញ៉ាំអាហារចៀន បំពង ឬស្រា ឬអាហារវេចខ្ចប់ស្រាប់ៗភ្លាមៗ (ហាំប៊ឺហ្គឺរ ភីហ្សា ហតដក...) អ្នកជំងឺមិនធ្លាក់ជាតិស្ករ មិនឡើងជាតិស្ករ និងមិនអស់កម្លាំងនោះទេ។ ត្រូវថែរក្សាសុខភាពប្រម៉ាត់ឱ្យបានល្អ ហាត់ប្រាណជាប្រចាំ ដើម្បីឱ្យរាងកាយបំបែកខ្លាញ់ និងបញ្ជ្រាបខ្លាញ់បានល្អ។ ញ៉ាំបន្លែឆៅគ្រប់មុខ គ្រប់ពណ៌ ដើម្បីបានអង់ស៊ីមបំបែកសាច់ផង និងបំបែកខ្លាញ់ផង បំបែកសាច់ផង។
មួយទៀត ត្រូវមើលមេរោគនៅក្នុងពោះវៀនតូច ព្រោះមេរោគក្នុងពោះវៀនតូចប៉ះពាល់ដល់សុខភាពរបស់លំពែងខ្លាំងជាងគេ។ មេរោគនៅក្នុងពោះវៀនតូច តាមធម្មតា មិនគួរមាន ឬមានបន្តិចបន្តួច ប៉ុន្តែប្រសិនបើមានគួរមានមេក្រូបល្អ ដែលវាជួយរំលាយអាហារគ្រប់យ៉ាងទាំងអស់ ជួយរំលាយសាច់ រំលាយខ្លាញ់ ហើយទោះជាមិនញ៉ាំសាច់ មិនញ៉ាំខ្លាញ់ ក៏មីក្រុបល្អចេះបំបែកសាច់ និងខ្លាញ់ ចេញពីបន្លែដែលយើងញ៉ាំដែរ។ តែបើក្នុងពោះវៀនតូច ដុះផ្សិត មានសត្វល្អិត ដូចជា ព្រូន តេនីញ៉ា មានបាក់តេរីបង្កជំងឺ បាក់តេរីបង្កខ្ទុះ មានវីរុស វានឹងធ្វើឱ្យពោះវៀនយើង ចុះខ្សោយ ហើយវានឹងរាលដាលមេរោគ ជ្រាបចូល មិនត្រឹមតែទៅដល់លំពែងទេ គឺទៅដល់កូនកណ្ដុរ ដល់បេះដូង ដល់សរសៃឈាម ទៅដល់តម្រង់នោម ខួរក្បាលរបស់យើងថែមទៀត។
ដូច្នេះសួរថា តើពោះវៀនតូចរបស់យើង មានមេរោគមកពីណា? ជាទូទៅភាគច្រើនវាឆ្លងចេញពីមាត់ ធ្មេញ អាចថាយើងញ៉ាំមេរោគចូលទៅ ឬមាត់យើងមានផ្ទុកមេរោគស្រាប់ ដែលវាឆ្លងចូលទៅ ជួនកាលមានទាំងពីរករណី ហើយវាឆ្លងចូលទៅរាល់ថ្ងៃ។ ហេតុនេះហើយ យើងត្រូវឧស្សាហ៍សម្អាតមាត់ធ្មេញ ពិនិត្យ និងព្យាបាលមេរោគនៅក្នុងមាត់ ក្នុងអញ្ចាញធ្មេញឱ្យបានត្រឹមត្រូវ កុំឱ្យមានរលាកអញ្ចាញ ឬរាក់ស៊ីធ្មេញ។
សរុបសេចក្តីមក គឺត្រូវ៖
- កុំញ៉ាំអាហារសំបូរស្ករច្រើនពេក កុំញ៉ាំអាហារចៀនបំពង Fast Food តមគ្រឿងកំប៉ុង គ្រឿងស្រវឹង ទំពារអាហារឱ្យម៉ដ្ឋល្អ ញ៉ាំយឺតៗ ហាត់ប្រាណជាប្រចាំ គេងឱ្យបានគ្រប់គ្រាន់ កុំឱ្យមានមេរោគច្រើនពេកក្នុងមាត់ធ្មេញ ច្រមុះ ក្រពះ ពោះវៀន ស្បែក ។ល។
- ត្រូវរស់នៅក្នុងបរិស្ថានស្អាត គ្មានជាតិគីមី ដូចជាគីមី ដោយការតុបតែងខ្លួន ឬគីមីសម្អាតផ្ទះ ជាដើម...
- ត្រូវគិតរឿងដែលល្អៗ និងគិតតែរឿងវិជ្ជមាន
អត្ថបទ ៖ admin