លោកអ្នកដឹងទេថា បញ្ហាមាត់ធ្មេញ ដែលយើងធ្លាប់គិតថាវាប៉ះពាល់តែទៅលើមាត់ធ្មេញនោះ តាមពិតវាអាចបង្កបញ្ហាធ្ងន់ធ្ងរដល់សុខភាពរាងកាយរបស់យើងទាំងមូលបាន។
ជាទូទៅយើងធ្លាប់ជួបប្រទះបញ្ហារាក់ស៊ីធ្មេញ ពុកធ្មេញ ឈឺធ្មេញ ឬមានក្លិនចេញពីមាត់ធ្មេញជាដើម ដែលបញ្ហាទាំងអស់នោះអាចកើតមានជាញឹកញាប់ ឬរ៉ាំរ៉ៃ ដោយមូលហេតុពិតប្រាកដ ស្ទើតែពុំត្រូវបានគេតាមដានរុករកនោះឡើយ។
អ្នកជំនាញខាងសុខភាពធ្លាប់បានមានប្រសាសន៍ថា សុខភាពមាត់ធ្មេញ មានជាប់ពាក់ព័ន្ធជាមួយនឹងសុខភាពរាងកាយរបស់យើងគ្រប់ប្រព័ន្ធទាំងប្រព័ន្ធរំលាយអាហារ ប្រព័ន្ធប្រសាទ ប្រព័ន្ធទឹកមូត ប្រព័ន្ធបន្សាបជាតិពុល សរសៃឈាម សន្លាក់ ឆ្អឹង...គឺគ្រប់កន្លែងទាំងអស់។ ក្រៅពីនោះវាក៏ជាប់ពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្តរបស់យើងផងដែរ។ អ៊ីចឹងយើងអាចនិយាយបានថា វាអាចបង្កឱ្យមានជំងឺរ៉ាំរ៉ៃជាច្រើនដែលរកមូលហេតុមិនឃើញ ហើយក៏អាចឱ្យយើងឈឺ គឺឈឺធ្ងន់ជាងប្រក្រតី។ ឧទាហរណ៍ថា ប្រសិនបើយើងកំពុងឈឺក្រពះ ហើយយើងមានមេរោគផ្ទុកក្នុងមាត់ធ្មេញ ឬមាត់ធ្មេញមានផ្ទុកជាតិគីមី វាអាចធ្វើឱ្យការឈឺក្រពះរបស់យើងកាន់តែធ្ងន់ធ្ងរជាងធម្មតាទៅទៀត ក៏ព្រោះតែមាត់ធ្មេញ វាគឺជាច្រកចូល ដែលចេញពីច្រកចូលវាអាចជ្រាបជាតិគីមី ឬមេរោគ ទៅគ្រប់ទីកន្លែងទាំងអស់ក្នុងរាងកាយរបស់យើង។ ដូច្នេះហើយអ្វីដែលយើងត្រូវធ្វើ គឺធ្វើយ៉ាងណាឱ្យមានសុខភាពមាត់ធ្មេញល្អ។
ដើម្បីឱ្យមានសុខភាពមាត់ធ្មេញល្អ គឺយើងត្រូវ៖
១- ក្រោយពីដុសធ្មេញឱ្យបានទៀងទាត់ (២ដងក្នុង១ថ្ងៃ) យើងត្រូវ ប្រើអំបោះសៀតចូលចន្លោះធ្មេញ ដើម្បីសម្អាតកាកសំណល់ បន្ថែមជាប្រចាំ
២- ពេលពិសារបាយរួចយ៉ាងហោចកន្លះម៉ោង ទើបអាចដុសធ្មេញបាន (មានន័យថាកុំដុសភ្លាមៗ ក្នុងអំឡុងពេលកន្លះម៉ោងក្រោយពេលបាយរួច)
៣- កុំញ៉ាំអាហារ ដែលបង្កឱ្យពុកធ្មេញ ដូចជាអាហារស្ករគ្រប់ប្រភេទ ភេសជ្ជៈកំប៉ុងគ្រប់ប្រភេទ និងអាហារធ្វើពីម្សៅដូចជានំផ្សេងៗ
៤- កុំទុកឱ្យមានធ្មេញពុក បើមានធ្មេញពុកតិចតួចអាចប៉ះ ឬបិទភ្ជិតបាន ត្រូវប៉ះ ឬបិទភ្ជិតភ្លាម
៥- កុំទុកឱ្យធ្មេញពុករលួយដល់ឬសធ្មេញ
៦- កុំប៉ះធ្មេញជាមួយជាតិបារ៉ត (Amalgam ពណ៌ដូចប្រាក់)
៧- បើមានលទ្ធភាពគួរកុំដាក់ធ្មេញធ្វើពីស្ពាន់ គួរតែដាំបង្គ្រាលស្រោបក្រោន។ ហើយក្រោយដែលគួរដាក់ គឺក្រោនជាសេរ៉ាមិច មិនមែនក្រោនជាលោហៈទេ។
៨- មិនត្រូវទុកធ្មេញដែលមានកខ្ទុះនៅនឹងឬសធ្មេញទេ។ ត្រូវប្រញ៉ាប់ព្យាបាលឱ្យឆាប់ជាសះស្បើយ។
៩- ព្យាបាលការរលាកអញ្ចាញធ្មេញឱ្យឆាប់ជាសះស្បើយ
១០- ត្រូវព្យាបាលការធំក្លិនមាត់ និងធំក្លិនដង្ហើមឱ្យបានជាសះស្បើយ (បញ្ហានេះអាចព្យាបាលជាសះស្បើយក្រោយពេលរកឃើញមូលហេតុពិតប្រាកដ)
មាត់ធ្មេញល្អ រួមចំណែកយ៉ាងធំធ្វើឱ្យសុខភាពរបស់យើងល្អ...
អត្ថបទ ៖ admin